Hebrews 13

1ចូរឲ្យ​មាន​សេចក្ដី​ស្រលាញ់​ជា​បងប្អូនជានិច្ច 2កុំភ្លេច​ទទួល​ភ្ញៀវ​ដោយ​រាក់ទាក់ដ្បិតដោយសារការនេះ​មាន​អ្នក​ខ្លះ​បាន​ទទួល​ពួក​ទេវតា​ឲ្យ​ស្នាក់នៅ​ទាំង​មិន​ដឹងខ្លួន​ផង។ 3ចូរនឹកចាំពី​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ទុក​ដូចជា​ជាប់​ឃុំឃាំង​ជាមួយ​គេ​ដែរ​ហើយ​ចូរ​នឹកចាំ​ពី​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ទុក​ដូចជានៅក្នុងរូបកាយ​នោះ​ដែរ។ 4ចូរឲ្យ​មនុស្ស​គ្រប់គ្នាគោរពការរៀបការហើយ​ការ​រួមដំណេក​ក៏​ត្រូវ​បរិសុទ្ធ​ដែរ​ដ្បិតព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួក​អ្នក​ប្រព្រឹត្ដ​អំពើ​អសីលធម៌ខាងផ្លូវភេទនិង​ពួក​ផិតក្បត់ 5ចូរកុំ​រស់នៅ​ដោយ​ការ​ស្រលាញ់​លុយ​ឡើយ​ចូរ​ស្កប់ចិត្ត​នឹង​អ្វី​ដែលមាន​នៅ​ពេលនេះ​ចុះ​ដ្បិតព្រះអង្គមានបន្ទូលថា៖ ​«យើង​មិនចាកចេញពីអ្នក​ហើយ​ក៏​មិនបោះបង់អ្នកចោល​ជា​ដាច់ខាត»។ 6ហេតុនេះហើយ​បានជា​យើងនិយាយ​ដោយ​ចិត្ដ​ក្លាហានថា៖ ​«ព្រះអម្ចាស់​ជា​អ្នកជួយខ្ញុំ​ខ្ញុំ​មិនខ្លាច​អ្វី​ឡើយតើមនុស្សធ្វើអ្វីខ្ញុំ​បាន?» 7ចូរនឹកចាំ​ពី​ពួក​អ្នកដឹកនាំរបស់អ្នករាល់គ្នាដែល​បាន​និយាយ​ប្រាប់អ្នករាល់គ្នាអំពី​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​ចូរ​សង្កេតមើលលទ្ធផលនៃ​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ​ហើយ​ត្រាប់តាមជំនឿ​របស់​ពួកគេ​ចុះ។ 8ព្រះយេស៊ូគ្រិស្ដ​នៅតែ​ដដែលម្សិលមិញថ្ងៃនេះនិងរហូតដល់អស់កល្បជានិច្ច 9កុំបណ្ដោយតាម​សេចក្ដី​បង្រៀនផ្សេងៗនិងប្លែកៗឡើយ។ ​ដ្បិត​ជា​ការ​ប្រសើរដែល​តាំង​ចិត្ដ​ឲ្យ​ខ្ជាប់ខ្ជួន​ដោយ​ព្រះ​គុណមិនមែន​ដោយ​អាហារទេ​ព្រោះ​អ្នក​ដែលប្រព្រឹត្ដបែបនេះគ្មានប្រយោជន៍អ្វីឡើយ 10យើងមានកន្លែងថ្វាយតង្វាយ​មួយ​ដែល​ពួក​អ្នកបម្រើនៅក្នុងរោងគ្មានសិទ្ធិបរិភោគ​អ្វីៗ​ពី​កន្លែងថ្វាយតង្វាយ​នោះ​ឡើយ 11ដ្បិតសម្ដេច​សង្ឃយកឈាម​របស់​សត្វទាំងឡាយមកក្នុងទីបរិសុទ្ធទុកជា​តង្វាយ​លោះបាប​ប៉ុន្ដែ​សាកសព​របស់​ពួកវា​វិញ​ត្រូវ​ដុតចោល​នៅ​ក្រៅជំរំ 12ហេតុនេះហើយ​បានជា​ព្រះ​យេស៊ូ​ត្រូវ​រងទុក្ខ​នៅ​ក្រៅទ្វារ​ក្រុង​ដែរដើម្បីញែកប្រជារាស្ដ្រ​ជា​បរិសុទ្ធដោយឈាម​របស់​ព្រះអង្គ 13ដូច្នេះចូរ​ឲ្យ​យើង​ចេញទៅឯព្រះអង្គ​នៅ​ក្រៅជំរំ​ទាំង​ផ្ទុក​សេចក្ដី​ត្មះ​តិះដៀលរបស់ព្រះអង្គចុះ 14ដ្បិតនៅ​ផែនដី​នេះ​យើង​គ្មានក្រុង​ដែល​នៅស្ថិតស្ថេរទេគឺ​យើង​កំពុង​ស្វែងរកក្រុង​ដែល​នឹង​មកដល់ 15ដូច្នេះតាមរយៈព្រះអង្គ​ចូរ​ឲ្យ​យើង​ថ្វាយ​ការ​សរសើរ​ជា​យញ្ញបូជាដល់ព្រះជាម្ចាស់ជានិច្ច​គឺ​ជាផល​ពី​បបូរមាត់​ដែល​ប្រកាសអំពីព្រះនាម​របស់​ព្រះអង្គ 16កុំភ្លេចប្រព្រឹត្ដល្អនិងបរិច្ចាក​ជួយ​គ្នាឡើយដ្បិតព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នឹង​យញ្ញបូជាបែបនេះ​ណាស់។ 17ចូរស្ដាប់បង្គាប់​ពួក​អ្នកដឹកនាំរបស់អ្នករាល់គ្នាហើយចុះចូល​នឹង​អ្នក​ទាំងនោះ​ចុះ​ដ្បិតពួកគេមើលថែព្រលឹងរបស់អ្នករាល់គ្នា​ក្នុងនាម​ជា​អ្នក​ដែល​ត្រូវ​រាយរាប់​ប្រាប់​ព្រះជាម្ចាស់។ ​ចូរ​អ្នករាល់គ្នា​ស្ដាប់បង្គាប់​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​បំពេញមុខងារនេះដោយអំណរមិនមែន​ដោយ​ថ្ងូរឡើយ​បើ​មិន​ដូច្នោះ​ទេ​គ្មាន​ប្រយោជន៍សម្រាប់អ្នករាល់គ្នាឡើយ 18សូមអធិស្ឋានសម្រាប់យើង​ផង​ដ្បិត​យើង​ជឿជាក់ថា​យើង​មានមនសិការល្អ​ហើយ​ចង់ប្រព្រឹត្តត្រឹមត្រូវក្នុង​គ្រប់​ការ​ទាំងអស់ 19ជាពិសេសខ្ញុំ​អង្វរអ្នករាល់គ្នា​ឲ្យ​ធ្វើ​ការ​នេះដើម្បី​ឲ្យ​ខ្ញុំ​បាន​វិលត្រលប់​មក​ឯ​អ្នករាល់គ្នា​កាន់តែ​ឆាប់ 20សូមឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដដែល​បាន​ប្រោស​ព្រះ​យេស៊ូជាព្រះអម្ចាស់​របស់​យើង​និង​ជា​អ្នកគង្វាលចៀម​ដ៏​ឧត្ដម​ឲ្យ​រស់​ពី​ការ​សោយទិវង្គត​ឡើង​វិញ​នោះ 21ប្រោសអ្នករាល់គ្នា​ឲ្យ​បាន​គ្រប់លក្ខណ៍ក្នុង​ការ​ល្អគ្រប់យ៉ាង​ដោយសារ​ឈាម​នៃ​កិច្ច​ព្រមព្រៀង​ដ៏​អស់កល្ប​ជានិច្ច​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ធ្វើ​តាម​បំណងរបស់ព្រះអង្គ​ដោយ​ព្រះអង្គ​ធ្វើ​ការ​ដែល​សព្វ​ព្រះ​ហឫទ័យ​ព្រះអង្គ​នៅក្នុងយើងតាមរយៈ​ព្រះ​យេស៊ូគ្រិស្ដ។ ​សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរីរុងរឿងអស់កល្បជានិច្ច! ​អាម៉ែន! 22ប៉ុន្ដែបងប្អូនអើយ! ​ខ្ញុំ​សូម​អង្វរអ្នករាល់គ្នាឲ្យស៊ូទ្រាំ​ស្ដាប់​ពាក្យដាស់តឿននេះ​ចុះ​ដ្បិត​ខ្ញុំ​បាន​សរសេរមកអ្នករាល់គ្នាដោយសង្ខេប​ប៉ុណ្ណោះ។ 23សូមជ្រាបថា​គេ​បាន​ដោះលែងធីម៉ូថេ​ជា​បងប្អូន​របស់​យើង​ហើយ​បើ​គាត់​មក​ដល់​ឆាប់ៗនេះ​ខ្ញុំ​នឹង​មក​ជួបអ្នករាល់គ្នាជាមួយនឹងគាត់​ដែរ។ 24សូមជម្រាប​សួរ​ដល់​ពួក​អ្នកដឹកនាំរបស់អ្នករាល់គ្នាព្រមទាំង​ពួក​បរិសុទ្ធទាំងអស់​ផង។ ​ពួក​អ្នក​ដែលមកពី​ស្រុក​អ៊ីតាលី​ក៏​ជម្រាប​សួរ​មកអ្នករាល់គ្នា​ដែរ។ 25សូមឲ្យ​អ្នករាល់គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ​៕
Copyright information for KhmKCB